ព័ត៌មានជាតិ

ជនជាតិជប៉ុន សរសេរសារលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែល​កំពុង​​ឈរជើងការពារទឹកដីនៅសមរភូមិមុខ

ប្រទេសជប៉ុន៖ ជនជាតិជប៉ុន បានសរសេរ​សារលើក​ទឹកចិត្ត និងសម្តែង​នូវសេចក្តីនឹករលឹក​ជូនដល់វីរកង​ទ័ព​កម្ពុជា ដែល​កំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ ក្នុង​អំឡុងពេល​ដែល​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ​មមី អដ្ឋស័ក ព.ស. ២៥៧០ នាថ្ងៃអាទិត្យទី១២ ខែមេសា ឆ្នាំ២០២៦។

ជនជាតិជប៉ុនដែលបានមកចូលរួមកម្សាន្តក្នុងអំឡុងដែល​ក្រសួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀប​ចំ​កម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានសរសេរ​សារ​លើក​ទឹកចិត្ត និងសម្តែង​នូវសេចក្តី​នឹករលឹក​ជូនដល់វីរ​កងទ័ព​កម្ពុជា ដែលកំពុង​ឈរជើងការ​ពារទឹកដី​នៅសម​រភូមិមុខ។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅសួន Keyaki ទីក្រុង​យូគិ ខេត្តអ៊ី​បារ៉ាគិ ប្រទេសជប៉ុន ក្រោមអធិបតី​ភាព លោក​ ហាំង តុលា រដ្ឋលេខាធិការ និងជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងប​ណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ ដោយមាន​ការអញ្ជើញ​ចូលរួមពី​ភ្ញៀវ​​កិត្តិយស​ជាតិ-អន្តរ​ជាតិ ព្រ​មទាំង​បងប្អូន​សហគ​មន៍ខ្មែរ និស្សិត កម្មសិក្សា​ការី និងពលករសរុបប្រមាណជិត ៥ ០០០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋ​លេខាធិការ បាន​ពាំនាំនូ​វសេ​ចក្ដីនឹក​រលឹក ការផ្ដាំ​ផ្ញើសួ​រសុ​ខទុក្ខ និង​ពរ​សព្វសាធុការពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី និង​លោកជំ​ទាវបណ្ឌិ​ត ក៏ដូ​ចជា លោករដ្ឋមន្ត្រី ហេង សួរ ជូនចំពោះ​បងប្អូន​ប្រជាព​ល​រដ្ឋ​ខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិ​ក្សា​នៅ​ក្នុង​ប្រទេសជប៉ុន។

កម្មវិធីសង្ក្រា​ន្តនេះ ត្រូវបានរៀប​ចំឡើងយ៉ាង​សម្រិត​ស​ម្រាំ​ង​តាមទំនៀមទម្លាប់សាសនា រួមមាន ពិធីបង្សុកូល រាប់​បាត្រ ស្រង់​ព្រះ និងពូនភ្នំ​ខ្សាច់។ ទន្ទឹមនឹងនោះ ក៏​មាន​ការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលា​ក់កន្សែង​ជាដើម។

លើសពីនេះ កម្មវិធីក៏បានរៀប​ចំពិធីឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានព​លីជីវិតក្នុង​បុព្វ​ហេតុ​ការពារជាតិ និងការបួង​សួងសុំ​សន្តិភាព​សម្រាប់មា​តុភូមិ​កម្ពុជា។​ ជាមួយគ្នានោះ ក៏មានដាក់ស្តង់ “មូល​និធិជូនដល់វីរកងទ័ព និងប្រជាជនភៀសសឹក” ដើម្បីឱ្យ​អ្នកចូលរួមអាច​សរសេរសារលើកទឹកចិត្ត និង​សម្តែង​នូវ​សេចក្តីនឹករលឹកជូនដល់វីរកងទ័ព ដែលកំពុ​ង​ឈ​រ​ជើងការពារទឹកដីនៅសមរភូមិមុខ។

បន្ថែមពី​លើសកម្មភាពកម្សាន្ត ក៏មានការដាក់​បង្ហាញ​ស្តង់​ម្ហូប​អាហារ និងផលិតផលខ្មែរ រួមជាមួយ​ផ្ទាំង​ទស្ស​នីយ​ភាពសិល្បៈដូចជា របាំជូនពរ របាំត្រុដិ និងការរាំ​លេង​កម្សា​ន្ត​តា​មចង្វាក់ប្រពៃណីខ្មែរ។ កម្មវិធីនេះ​សម្រេចទៅបានដោយមានកិច្ចសហការយ៉ាងជិតស្និ​ទ្ធជាមួយ​ ស្ថានឯកអគ្គរាជទូ​តនៃព្រះរាជាណាច​ក្រកម្ពុជា​ប្រ​ចាំប្រទេស​ជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគ​មជនជា​តិខ្មែរ​រស់​នៅ​ប្រទេ​សជប៉ុន។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរពិ​ធីបុណ្យចូលឆ្នាំថ្មីប្រ​ពៃណី​ជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីសង្ក្រាន្តនៅតាមបណ្តាប្រទេសដែលមានបងប្អូនពលករខ្មែររស់នៅ។ សម្រាប់ឆ្នាំ២០២៦ នេះ ពិ​ធីបុណ្យចូលឆ្នាំត្រូវបានរៀបចំឡើងនៅ ១៣ទីតាំ​ង​ផ្សេង​ៗ​​គ្នាទូ​ទាំងប្រទេសជប៉ុន ដែលក្នុងនោះ កម្មវិ​ធី​សង្ក្រាន្ដ​​ខ្មែរនៅ​ខេត្តអ៊ីបារ៉ាគិ គឺជាព្រឹត្តិការណ៍​ដ៏ធំ​ជាងគេ​បំផុត៕

To Top