ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរត្រូវទប់ស្កាត់រាល់ សកម្មភាពលេងកម្សាន្តណា ខុសនឹងទំនៀមទម្លាប់ខ្មែរ

តាកែវ ៖ ដើម្បីធានាឱ្យបាននូវសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់រាល់សកម្មភាពលេងកម្សាន្តណា ខុសនឹងទំនៀមទម្លាប់ ពិសេសការលេងបាញ់ទឹក និងប៉ាតម្សៅ។

ការណែនាំរបស់ លោក វ៉ី សំណាង បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក អភិបាលខេត្ត បានណែនាំឱ្យគណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់ ត្រូវសហការគ្នាដើម្បីចុះអប់រំ និងផ្សព្វផ្សាយឱ្យបានដល់មូលដ្ឋានផ្ទាល់។ គោលដៅចម្បង គឺធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យល់ដឹងពីសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីដោយសេចក្តីថ្លៃថ្នូរ។

ក្នុងនោះដែរ លោក វ៉ី សំណាង បានបញ្ជាក់ច្បាស់ៗថា មិនអនុញ្ញាតឱ្យមានការលេងប៉ាតម្សៅ ឬបាញ់ទឹក នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្ត ក៏ដូចជា តាមដងផ្លូវសាធារណៈឡើយ។ លោក បានលើកឡើងថា សកម្មភាពទាំងនេះ មិនត្រឹមតែមិនមែនជាវប្បធម៌ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចគ្នា និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់ភាពសប្បាយរីករាយរបស់មហាជន។

លោក បានជំរុញឱ្យអាជ្ញាធរ និងអ្នករៀបចំកម្មវិធីតាមវត្តអារាម និងទីសាធារណៈ ត្រូវរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ៕

To Top