ស្រ្តីទី១កម្ពុជា ៖ ការលះបង់ដ៏ធំធេង របស់វីរកងទ័ព គឺជាការផ្តល់សន្តិភាព
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជន សម្រាប់ជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់ប្រជាពលរដ្ឋទាំងអស់គ្នា។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១របស់កម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលជាសមរភូមិជួរក្រោយបានដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារមាតុភូមិ ថែមទាំងផ្តល់ឱ្យពលរដ្ឋនូវស្នាមញញឹមពេញលេញ ក្នុងការជួបជុំគ្នា អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីមានប្រសាសន៍គូសបញ្ជាក់ថា ការលះបង់ដ៏ធំធេងរបស់អ្នកសម្រាប់ជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់ពលរដ្ឋទាំងអស់គ្នា ៕
