ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ រដ្ឋហ៊ានចេញខាតច្រើន សន្ធឹកសន្ធាប់ ពុំមែនជារឿងចៃដន្យ

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រដ្ឋហ៊ានចេញខាតយ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោក កំពុងរងការបោកបក់ដោយព្យុះ នៃវិបត្តិថាមពលសាកល មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីឆន្ទៈយ៉ាងប្តូរផ្តាច់ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី១៣ ខែមេសា លោក ប៉ែន បូណា បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតស៊ូយ៉ាងខ្លាំងក្លា នៅលើសមរភូមិការទូតដើម្បីការពារបូរណភាពទឹកដី ដែលយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តោយព្រំដែន។

លោកថា ស្របពេលជាមួយគ្នានេះ វិបត្តិថាមពល កំពុងកើតឡើងដោយសារតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ នៅលើទីផ្សារអន្តរជាតិ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា បានចាត់វិធានការអន្តរាគមន៍ជាច្រើន ដោយបានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ។

លោកបន្តថា “វិធានការអន្តរាគមន៍លឿនរហ័ស និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាល ដោយរដ្ឋហ៊ានចេញខាតយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងកាលៈទេសៈ ដែលសេដ្ឋកិច្ចពិភពលោកកំពុងរងការបោកបក់ ដោយព្យុះព្យោមារនៃវិបត្តិថាមពលសាកលយ៉ាងធ្ងន់ធ្ងរបែបនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីឆន្ទៈបម្រើប្រជាពលរដ្ឋយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃយើងដែលតែងតែរួមសុខទុក្ខ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាចម្បង” ។

លោកប៉ែន បូណាបន្ថែមថា រាជរដ្ឋាភិបាលអាចធ្វើបានបែបនេះបាន ក៏បញ្ជាក់ច្បាស់ពីភាពរឹងមាំប្រកបដោយភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់សុខសន្តិភាព រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងដោយមានការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ៕

To Top