ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ សម្ពោធគំនូរចងចាំការឈឺចាប់ ៤ផ្ទាំង គូរលើជញ្ជាំងរោងទូកង វែងជាងគេលើពិភពលោក នៅខេត្តព្រៃវែង

ព្រៃវែង ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីសម្ពោធផ្ទាំងគំនូរប្រវត្តិសាស្ត្រចំនួន៤ផ្ទាំង ដែលទើបបញ្ចប់ការគូរជាស្ថាពរ មុនការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

មានប្រសាសន៍នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្ដល់ការបកស្រាយជូនសាធារណៈជនជ្រាបថា ផ្ទាំងគំនូរទាំង ៤ផ្ទាំងនេះ បានបញ្ជាក់ពីការចងចាំនូវការឈឺចាប់របស់ជនរួមជាតិខ្មែរ ប៉ុន្តែមិនមែនបង្កើតឡើងក្នុងគោលបំណងញុះញង់ ឬបង្ហាញពីការគុំកួនសងសឹកនោះទេ។

លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា គំនូរទាំងនេះ មានគោលដៅដាស់ស្មារតីជនរួមជាតិ ដែលនៅទីនេះនិយាយ ដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តទាំងអស់ អំពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា និងជាការរំលឹកដល់វីរភាពរបស់កងទ័ព កងនគរបាល និងក្រុមគ្រូពេទ្យ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូកៀកស្មាការពារជាតិមាតុភូមិ។

លោកឧបនាយករដ្ឋមន្រ្តី បានណែនាំរដ្ឋបាលខេត្ត និងក្រុង ស្រុក ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវរៀបចំទស្សនកិច្ច របស់សិស្សានុសិស្សមកពី តាមបណ្តាក្រុង-ស្រុកនានា រៀងរាល់ ៣ខែម្តង ដើម្បី ឈ្វេងយល់ពីប្រវត្តិសាស្ត្រតាមរយៈផ្ទាំងគំនូរ ឈ្វេងយល់ពីទូកងវែងជាងគេលើពិភពលោក បណ្តុះស្មារតីស្រឡាញ់ជាតិដល់យុវជនជំនាន់ក្រោយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ទីតាំងផ្ទាំងគំនូរនេះបានក្លាយជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់យុវជន និងសាធារណៈជន ថតរូបភាពអនុស្សាវរីយ៍ ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំថ្មីនេះ ។ ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានផ្ដាំផ្ញើប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ រាល់ពេលធ្វើដំណើរ រួមទាំងការធ្វើដំណើរមកចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តព្រៃវែង៕

To Top