សម្តេចធិបតី ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តដោយរលូន និងស្នាមញញឹម
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅដោយរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីជាតិ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីតាមរយៈការចូលរួម យ៉ាងល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មីតាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត ។

ជាមួយនឹងការប្រព្រឹត្តល្អសម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ សម្តេចធិបតីបានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង-ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តទាំងអស់ រួមទាំងអ្នកអនាម័យបរិស្ថាន អ្នកបើកបរ និងក្រុមការងារពាក់ព័ន្ធដែលបានធ្វើការលះបង់ ស្ម័គ្រចិត្តចូលរួមបម្រើការ សហការ និងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេស ក្នុងការលើកកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ ជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងន័យនេះ សម្តេចធិបតីក៏មិនភ្លេចថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំផងដែរ។

សម្តចមហាបវរធិបតីក៏បានជូនពរពលរដ្ឋ ធ្វើដំណើរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ មុខរបរទាំងអស់ ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី ក៏នៅកំពុងបម្រើសេវាជូនដល់ដោយមិនគិតថ្លៃ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងសុខសុវត្ថិភាព ៕





