៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧ករណី បណ្ដាលឱ្យមនុស្សស្លាប់ ១៧នាក់ និងរបួស ៤៥នាក់
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ១៧នាក់ និងរបួសធ្ងន់ស្រាល ៤៥នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
តាមលោក ទូច សុឃៈ បើធៀបនឹងឆ្នាំមុន ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣ករណី អ្នកស្លាប់បានថយចុះ ៩នាក់ និងអ្នករបួសថយចុះឡើង២នាក់។សម្រាប់មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ លោកបានបញ្ជាក់ថា អ្នកបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់។
អ្នកនាំពាក្យ បានរំលឹកអ្នកដំណើរទាំងអស់ ពិសេសពេលវិលត្រឡប់មករាជធានី និងទៅកាន់ទីតាំងរស់នៅ ឬបំពេញការងារផ្សេងៗត្រូវបើកបរគោរពច្បាប់និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕
