សម្តេចធិបតី៖ ពលរដ្ឋខ្មែរនៅប្រទេសមួយចំនួន អបអរសាទរបុណ្យចូលឆ្នាំខ្មែរ បង្ហាញពីវប្បធម៌ខ្មែរ
ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ពលករ និងសហគមន៍ខ្មែរ នៅប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសអាល្លឺម៉ង់ និងឆែក បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយ៉ាងអធិកអធម ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ។
សម្តេចធិបតីបន្តថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមបណ្តាប្រទេសទាំងនេះ មានការសហការជាមួយក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅតាមបណ្តាប្រទេសនីមួយៗផងដែរ ។
សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា ពិធីជួបជុំដ៏សប្បាយអឺងកងនេះ គឺជាពេលវេលាដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលមានទាំងពិធីសាសនា ការលេងល្បែងប្រពៃណី ការរាំកម្សាន្ត និងការជួបជុំពិសារអាហារដែលជាការពូនជ្រំសាមគ្គីភាពរបស់ជនរួមជាតិខ្មែរតែមួយ បើទោះបីជានៅឯនាយសមុទ្រក៏ដោយ ៕







