ក្មេងទំនើងជាង ៨០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្ដែង បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិ បានបង្ក្រាបក្មេងទំនើង១៦ករណី ឃាត់ខ្លួនជនសង្ស័យ៨៤នាក់បញ្ជូនទៅតុលាការ។
បើតាមរបាយការណ៍ករណីក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួននោះ មាននៅក្នុងមូលដ្ឋានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កំពត ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង និងខេត្តសៀមរាប។ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០២៥កន្លងទៅ មានក្មេងទំនើងជាង១០នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅលេងចូលឆ្នាំក្នុងពន្ធនាគារ។
មែនទែនទៅ មុនការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារផ្សព្វផ្សាយអប់រំជាច្រើនលើក ដើម្បីដាស់តឿនក្មេងទំនើងកែប្រែឥរិយាបថ ខណៈថ្នាក់ដឹកនាំ និងអាជ្ញាធររដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ បានចេញសារអប់រំណែនាំ ទន្ទឹមគ្នានឹងការបង្ក្រាបពីសំណាក់កម្លាំងសមត្ថកិច្ចដោយគ្មានការលើកលែង។
ទាំងពីថ្នាក់ដឹកនាំ ពីអាជ្ញាធររដ្ឋបាលដែនដី និងក៏ដូចគ្នាពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រុមក្មេងទំនើងដែលកែប្រែខ្លួន នឹងមានឱកាសដូចគេដូចឯងដើម្បីជួបជុំសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក៏ប៉ុន្តែប្រសិនបើពួកគេអុកឡុករំខានសង្គម ពួកគេនឹងត្រូវចូលឆ្នាំក្នុងពន្ធនាគារ ដូចករណីខាងលើ៕
