ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ នឹងព្យាបាលវះកាត់ តាមវេជ្ជបញ្ជា នៅមន្ទីពេទ្យរដ្ឋធានីប៉េកាំង
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពព្រះរាជសុខភាពរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រះអង្គកំពុងគង់ប្រថាប់ ទទួលការពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។
យោងតាមសេចក្តីប្រកាស ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងវាយតម្លៃព្រះរាជសុខភាព របស់ព្រះអង្គយ៉ាងម៉ត់ចត់បំផុត ។ ជាលទ្ធផល ក្រុមគ្រូពេទ្យបានថ្វាយយោបល់សុំឱ្យព្រះអង្គទទួលការព្យាបាលដោយវះកាត់។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យទទួលការព្យាបាល ដោយវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះ។ ក្រោយពីការវះកាត់បានជោគជ័យ ព្រះអង្គនឹងបន្តគង់ប្រថាប់មួយរយៈដដែល នៅទីក្រុងប៉េកាំង ដើម្បីឱ្យក្រុមគ្រូពេទ្យតាមដាន និងថែទាំព្រះរាជសុខភាពឱ្យបានពេញលេញ ។
សេចក្តីប្រកាសបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានការបញ្ជាក់ពីក្រុមគ្រូពេទ្យថា ព្រះរាជសុខភាពបានធូរស្រាល និងមានព្រះកាយពលមាំមួន ជាប្រក្រតីឡើងវិញហើយនោះ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ក្រសួងព្រះបរមរាជវាំង ក៏បានជម្រាបជូនសាធារណជន និងប្រជានុរាស្ត្រទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន និងបន្តថ្វាយព្រះពរដល់អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា៕
ដោយ៖ សយ រិទ្ធី

