ព័ត៌មានជាតិ

ស្នងការរាជធានី បញ្ជាឱ្យយុវជនបង្កហិង្សា នៅខណ្ឌដូនពេញ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ បើមិនចង់ឱ្យច្បាប់ ចាត់វិធានការក្ដៅ

ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសារព្រមានយ៉ាងធ្ងន់ៗ និងជាការអំពាវនាវចុងក្រោយ ដល់ក្រុមយុវជនដែលបានបង្កហិង្សា និងអ្នករត់គេចខ្លួន ឱ្យប្រញាប់ចូលខ្លួនមកសារភាព និងដោះស្រាយតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ។

ការចេញមុខមកបញ្ជាក់យ៉ាងម៉ឺងម៉ាត់នេះ បានធ្វើឡើងបន្ទាប់ពីមានករណីហិង្សាមួយបង្កឡើងដោយក្រុមយុវជនមួយក្រុម ដែលធ្វើសកម្មភាពដោយមិនខ្វល់ពីច្បាប់ទម្លាប់។

លោកស្នងការបានសង្កត់ធ្ងន់ថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនរួចរាល់ ក៏មានម្នាក់ជាអ្នកធ្វើសកម្មភាពកាច់ស្លាកលេខរថយន្តផងដែរ។

យុវជនដែលកំពុងរត់គេចខ្លួន ត្រូវចូលខ្លួនមកបង្ហាញមុខនៅ ចំពោះមុខសមត្ថកិច្ចខណ្ឌដូនពេញជាបន្ទាន់។

លោកស្នងការបានកំណត់មុខសញ្ញាច្បាស់លាស់លើយុវជនម្នាក់ ដែលជាអ្នកស្រែកបំផុសបំផុលមុនគេ និងយុវជន ០៦ នាក់ទៀត ដែលជាអ្នកដៃដល់ប្រើហិង្សាដោយមិនដឹងរឿងរ៉ាវច្បាស់លាស់។

លោកបានរំលឹកថា «គ្រួសារមានវិន័យ ប្រទេសមានច្បាប់» ដូច្នេះច្បាប់មិនអាចអត់ឱនឱ្យជនមួយក្ដាប់តូចដែលបង្កចលាចល បំផ្លាញសណ្ដាប់ធ្នាប់សង្គម រួចខ្លួននោះឡើយ។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា លោក «មិននិយាយលេងសើចឡើយ» ចំពោះវិធានការច្បាប់នេះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុង បន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលនៅសេសសល់។ ការអំពាវនាវនេះ ក៏ជាឱកាសសម្រាប់យុវជន ដែលដើរផ្លូវខុស ឱ្យដឹងខ្លួនកែប្រែ កុំឱ្យក្លាយជាបុគ្គលដែលសង្គម និងមហាជនស្អប់ខ្ពើមតទៅទៀត។

មហាជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះ ខណៈដែលកម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពកក់ក្ដៅជូនពលរដ្ឋ៕

ដោយ៖ សយ រិទ្ធី

To Top