កម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់ថៃ ក្នុងការពង្រឹងការកាន់កាប់ ដោយខុសច្បាប់បន្ថែមទៀត រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។
សកម្មភាពទាំងនេះក៏ជាការរំលោភ លើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជា ពិសេសគោលការណ៍ នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់ កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។
កម្ពុជាបដិសេធ ចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាព ទាំងនេះថាជាការការពារខ្លួន និងស្របតាមប្រការនានា ដែលមានចែង ក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីណាមួយ ដែលអះអាងឯកតោភាគី ដោយប្រទេសថៃជាដាច់ខាត ។ បន្ថែមពីនេះ សកម្មភាព ដែលបានរៀបរាប់ខាងលើ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែន អន្តរជាតិរបស់ខ្លួនឡើយ៕




