ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រំលឹកពីការទប់ស្កាត់ប្រឆាំងបទល្មើស ការកាប់ឈើក្នុងតំបន់ការពារធម្មជាតិ ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានជម្រាបជូនជាថ្មីបន្ថែមទៀតដល់សាធារណជន ថា រាល់ការលក់ ទិញ កាប់ ឬដឹកជញ្ជូនដើមឈើ ចេញពីតំបន់ការពារធ្មជាតិ រួមមាន ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិ គឺជាទង្វើខុសច្បាប់ និងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ តាមច្បាប់ជាធរមាន។

សេចក្តីដូចបានជម្រាបជូនខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួង បានចាត់វិធានការច្បាប់តឹងរ៉ឹង បានចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ឈើក្នុងតំបន់ការពារធម្មជាតិ និងបានឃាត់ខ្លួន បុគ្គលចំនួន ៤ នាក់ ដែលបានប្រព្រឹត្តបទល្មើសកាប់ឈើ ក្នុតំបន់ការពារធម្មជាតិ ហើយបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។ ការណ៍នេះបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីជំហរដាច់ខាតក្នុងការប្រឆាំងការកាប់ឈើខុសច្បាប់ ដោយអនុវត្តវិធានការច្បាប់ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ។

ក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងការបំពានលើបទប្បញ្ញត្តិបរិស្ថាន ដែលអាចនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌធ្ងន់ធ្ងរ និងជាប់ពន្ធនាគារ។

ក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគោរពច្បាប់ និងរាយការណ៍អំពីសកម្មភាពខុសច្បាប់នានា ក្នុងវិស័យបរិស្ថាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារព្រៃឈើ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជា៕

To Top