ព័ត៌មានជាតិ

រដ្ឋមន្ដ្រី អ៊ាង សុផល្លែត ដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល បរិស្ថានថ្នាក់តំបន់ នៅប្រទេសកាហ្សាក់ស្ថាន

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូ ក្រសួងបរិស្ថានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ស្តីពីអេកូឡូស៊ីថ្នាក់តំបន់ ឆ្នាំ២០២៦ Regional Ecological Summit (RES 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។

ជូនដំណើរ លោករដ្ឋមន្រ្តី និងប្រតិភូ មានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន នៅឯព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

ការចូលរួមរបស់កម្ពុជា ក្នុងវេទិកាពិភពលោកស្តីពីបរិស្ថាន ក៏ដូចជាក្នុងវេទិកាបរិស្ថានអន្តរជាតិក្នុងតំបន់ បានបង្ហាញពីការប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុ ក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកល។

សូមបញ្ជាក់ថា កិច្ចប្រជុំ RES 2026 នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Kassym-Jomart Tokayev ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន និងមានការចូលរួមពីមេដឹកនាំប្រទេស តំណាងអង្គការសហប្រជាជាតិ (United Nations) អង្គការអន្តរជាតិ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន ក្នុងគោលបំណងជំរុញនិរន្តរភាពបរិស្ថានពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែប្រសើរ កិច្ចប្រជុំ RES 2026 នៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់ការការពារបរិស្ថាន ដំណោះស្រាយសម្របសម្រួលក្នុងតំបន់ ចំពោះបញ្ហាបរិស្ថានរួម។

កិច្ចពិភាក្សាអំពីបញ្ហាបរិស្ថានសំខាន់ៗជាច្រើនត្រូវបានគ្រោងទុក រួមមាន ការប្រែប្រួលអាកាសធាតុ ភាពធន់នៃបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ បន្ថែមពីនេះ កម្មវិធីសកម្មភាពសម្រាប់ឆ្នាំ២០២៦–២០៣០ ដែលបានអភិវឌ្ឍពីបណ្តាប្រទេសនៅអាស៊ី ជាមួយអង្គការសហប្រជាជាតិ នឹងត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីគាំទ្រនិរន្តរភាព និងភាពធន់រយៈពេលវែងក្នុងតំបន់៕

To Top