រដ្ឋមន្ត្រីបរិស្ថាន ៖ អំឡុងពេលបុណ្យចូលឆ្នាំថ្មី បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល៤០%
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកត់សម្គាល់ថា អំឡុងពេលពិធីបុណយចូលឆ្នាំថ្មី បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល៤០% បើធៀបទៅនឹងឆ្នាំមុន ខណៈរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស នៅតែរក្សាបានភាពស្អាត។

លោកបណ្ឌិត អ៊ាង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម អ្នកកាន់សាសនា និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថានទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោករដ្ឋមន្រ្តី បានថ្លែងថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់អាជ្ញាធរនិងអ្នកពាក់ព័ន្ធទាំងអស់ បានផ្តល់លទ្ធផលសម្រាប់វិស័យបរិស្ថានគួរឱ្យកត់សម្គាល់។ ការកត់សម្គាល់នោះត្រង់ថា «បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល ៤០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសនៅតែរក្សាបានភាពស្អាត និងមានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក បានល្អជារៀងរាល់ថ្ងៃនីមួយៗនៃពិធីបុណ្យ»។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា សមិទ្ធផលខាងលើនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹង របស់សាធារណជនកាន់តែកើនឡើង និងការទទួលខុសត្រូវរួមគ្នាចំពោះការការពារបរិស្ថាន។ នេះក៏ជាសូចនាករដ៏រឹងមាំមួយដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការក្លាយជាប្រទេស ដែលគ្មានសំណល់។

ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន ក៏បានអំពាវនាវជាថ្មីដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តទម្លាប់រួមគ្នាដើម្បីភាពស្អាតនេះ លើសពីរដូវបុណ្យទាន ដោយធានាថាអនាម័យ និងការគ្រប់គ្រងបរិស្ថាន នៅតែជាការអនុវត្តប្រចាំថ្ងៃសម្រាប់យើងទាំងអស់គ្នា៕
