ព័ត៌មានជាតិ

កម្ពុជា-កាណាដា ជំរុញកិច្ចប្រតិបត្តិការលើវិស័យសំខាន់ៗ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា បាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

ទន្ទឹមនេះ, លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។

ជាការឆ្លើយតប, សម្ដេចធិបតី បានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ ថែមទៀត។

សម្ដេចធិបតី បានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

សម្ដេចធិបតី បានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លា ថែមទៀត។

សម្ដេចធិបតី បានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

សម្ដេចធិបតី និងលោក ឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

To Top