ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើ គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារ ការងារទាំងក្នុងនិងក្រៅប្រទេស
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលដៅបណ្តុះបណ្តាល កម្លាំងពលកម្មនៅ កម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

គម្រោងដែលចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ គ្របដណ្តប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាស ក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ បន្ថែមពីនេះ គម្រោងនេះក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើស ស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដូចជា ការបង្កើត និងអនុវត្តយន្តការសហប្រតិបត្តិការរវាងឧស្សាហកម្ម និងស្ថាប័នអប់រំ ការធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង។

ជាមួយនឹងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ឆយ ម៉ូន ជុង លោករដ្ឋមន្រ្តីបានសម្តែង នូវការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូល ធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សនិងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញនិងសមត្ថភាពផងដែរ។

លោកស្រី ឆយ ម៉ូន ជុង បានសម្តែងនូវការរីករាយយ៉ាងក្រៃ លែងចំពោះសមិទ្ធផលនៃការចុះហត្ថលេខាសម្រាប់ ចូលរួមអភិវឌ្ឍន៍ជំនាញដល់សិស្សកម្ពុជានេះ ដែលមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសការងារនៅក្រៅប្រទេសផងដែរ ។ លោកស្រីមានប្រសាសន៍ថា នេះជាបេសកកម្មចុងក្រោយដ៏សំខាន់ និងកក់ក្តៅបំផុតមួយរបស់លោកស្រី ដោយសារតែលោកស្រី នឹងបញ្ចប់ការងារនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

លោកស្រីបានអរគុណយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្ត និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំ ប្រកបដោយសមត្ថភាពពេញលេញ របស់លោក ហេង សួរ ដែលកំពុងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន យ៉ាងពិតប្រាកដក្នុងវិស័យការងារ ដោយលោកស្រីជឿជាក់ថា ប្រទេសកម្ពុជានឹងនៅតែបន្តការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធថែមទៀត។

លោករដ្ឋមន្រ្តីក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ដែលបានបង្កើតកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កានាពេលកន្លងមក រួមទាំងសមិទ្ធផលចុងក្រោយនេះ ជាពិសេស ជួយធ្វើឱ្យ KOICA បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងផ្សេងៗ មិនត្រឹមតែជាមួយក្រសួងការងារប៉ុណ្ណោះទេ ដែលជាការរួមចំណែកដ៏មានន័យ ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ក្រសួងការងារនឹងបន្តអនុវត្តគម្រោងនេះ ឱ្យទទួលបានជោគជ័យ និងរង់ចាំស្វាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង KOICA នាពេលអនាគតបន្តទៀត៕








