សាស្ត្រាចារ្យ ឈាង រ៉ា ៖ ដើម្បីឱ្យសុខភាព តែមួយជាស្នូលរឹងមាំ ត្រូវផ្តោតលើសុខភាព
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានលើកឡើងថា ក្រុមគ្រូពេទ្យត្រូវយកផែនការ អនុវត្តឱ្យក្លាយជាសកម្មភាពជាក់ស្តែង ដើម្បីឱ្យសុខភាព តែមួយជាស្នូលនៃភាពរឹងមាំ ត្រូវផ្តោតសំខាន់ៗ លើសុខភាពមនុស្ស សត្វ និងបរិស្ថាន ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញ ការងាររបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យវិស័យ សុខាភិបាលកាន់តែរឹងមាំ និងមានវឌ្ឍនភាពល្អប្រសើរ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវការងារអាទិភាពបន្ទាប់ពីកិច្ចប្រជុំនៅប្រទេសបារាំងលើប្រធានបទសុខភាពតែមួយ ដែលផ្តោតសំខាន់ៗ លើសុខភាព មនុស្ស សត្វ និងបរិ ស្ថាន។ ឯកឧត្តមបន្តថា សុខភាពតែមួយ ផ្សារភ្ជាប់ជាមួយ ប្រធានបទសំខាន់ៗ ៖ សត្វផ្ទុកមេរោគ អាចចម្លងមកមនុស្ស និងភ្នាក់ងារចម្លងជំងឺ , ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ , សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដោយការបំពុលនានា ដែលត្រូវយកចិត្តទុកខ្ពស់ ដើម្បីពង្រឹងការការពារ ប្រសើរជាងព្យាបាល ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមានការសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញ និងធានាបានតុល្យភាព ការអភិវឌ្ឍប្រកបដោយចីរភាព រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវបង្កើតសកម្មភាពអប់រំផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងពីការអប់រំ ដល់ប្រជាពលរដ្ឋពី សុវត្ថិភាពចំណីអាហារ និងវិធីសាស្រ្តការពារជំងឺឆ្លងនានា ៕







