អ្នកវិភាគថា ការចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោត តំណាងរាស្ត្រ ក្រៅប្រទេស របស់ក្រុមខុសច្បាប់ មានចេតនាបំផ្លាញប្រទេសជាតិ និងប្រមូលប្រយោជន៍ផ្ទាល់ខ្លួន
ភ្នំពេញ ៖ សហជីព និងអ្នកវិភាគនៅកម្ពុជា មើលឃើញថា ការកៀរគរចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេស របស់ខុសច្បាប់ គឺជាអំពើទុច្ចរិតមានចេតនា ចង់បំផ្លាញប្រទេសជាតិ និង ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួន (លុយ) ដែលជនរួមជាតិខ្មែរគ្រប់រូប មិនត្រូវចូលរួមជាមួយឡើយ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបង្កើតរដ្ឋាភិបាលកម្ពុជានៅក្រៅស្រុក ឬចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេសជាដើមនោះ មិនស្របនិងរដ្ឋធម្មនុញ្ញ និងមិនស្របស្ថានភាពជាក់ស្តែងរបស់កម្ពុជានោះទេ។ មិនតែប៉ុណ្ណោះ អំពើនោះជាការបំផ្លាញសន្តិភាព និងបន្ថែមវិបត្តិលើប្រទេសជាតិ ខណៈកម្ពុជាកំពុងមានការឈ្លានពានពីយោធាថៃ។
លោកថ្លែងថា ៖ «ក្រុមមួយណាដែលចង់បង្កើតរដ្ឋាភិបាលនិរទេស ឬរដ្ឋាភិបាលអ៊ីចេះ រដ្ឋាភិបាលអ៊ីចុះនៅក្រៅស្រុក គឺជានោះគឺជារឿងខុសច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយវាបានបំផ្លាញនូវសុខសន្តិភាពកម្ពុជាផងដែរ»។
បើតាមលោកបណ្ឌិត នៅក្នុងពេលនេះអ្នកនយោបាយទាំងអស់មិនគួរធ្វើសកម្មភាពឱ្យមានការបែកខ្ញែក បង្កើនវិបត្តិបន្ថែមទៀតដល់ប្រទេសជាតិនោះទេ ព្រោះវេលានេះកម្ពុជាកំពុងមានការឈ្លានពានពីសំណាក់យោធាថៃ និងរងវិបត្តិដោយសារសណ្តាប់ធ្នាប់សាកលនៃពិភពលោកកំពុងបាត់បង់ផងដែរ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា ចលនាក្រុមប្រឆាំងក្នុងការកៀរគរប្រជាពលរដ្ឋឱ្យចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោតពីសំណាក់ក្រុមប្រឆាំងគឺជាវិធីសាស្ត្រថ្មីមួយទៀតក្នុងការប្រមូលលុយពីអ្នកគាំទ្ររបស់ខ្លួន។ លោកថា នេះជាអំពើខុសច្បាប់ និងជាភាពអាត្មានិយម ដែលក្រុមប្រឆាំងតែតែបង្កើតសកម្មភាពផ្សេងៗដើម្បីប្រមូលប្រយោជន៍ពីអ្នកគាំទ្រ ដែលសកម្មភាពទាំងនោះមិន ដែលបានផ្តល់ផលប្រយោជន៍អ្វីសូម្បីបន្តិចដល់អ្នកចូលរួម។
លោកថ្លែងថា៖«នេះជាវិធីសាស្ត្របន្ថែមទៀត ក្នុងការកៀងគរ ប្រមូលលុយពីអ្នកគាំទ្ររបស់គាត់ដែលនៅសល់តិចតួច ហើយក្រុមនោះតែងតែ ធ្វើសកម្មភាពដដែលៗ ចេញពីស្តាយនេះទៅស្តាយនោះ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់តែប៉ុណ្នោះទេ ហើយការរៀបចំផ្គូផ្គង ជ្រើសរើសបេក្ខភាពបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នៅក្រៅប្រទេសនេះជាអំពើខុសច្បាប់ទាំងស្រុង» ៕
