ក្រសួងបរិស្ថាន បន្តបណ្តុះកូនឈើចម្រុះ ៣លានដើម ជូនសាធារណជន យកទៅដាំ ដើម្បីបង្កើនគម្របបៃតង នៅកម្ពុជា
ភ្នំពេញ ៖ រហូតមកទល់ថ្ងៃនេះ ក្រសួងបរិស្ថាន បាននិងកំពុងបន្តយុទ្ធនាការបណ្តុះ និងចែកកូនឈើចម្រុះ បានប្រមាណ ២ ៩៧៧ ៣៥៩ដើម ក្នុងកូនត្នោត ចំនួនជាង១ លានដើម នៅតាមថ្នាលតំបន់ចំនួន៥កន្លែង ក្នុងខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង និង តាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍។

ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានបន្តបណ្តុះកូនឈើ សម្រាប់ចែក ជូនសាធារណៈជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតង នៅកម្ពុជា កូនឈើចម្រុះ សរុប ៣១១ ៥៣៩ ដើម ក្នុងនោះមានកូនត្នោតចំនួន ៥៥ ០០)ដើម ត្រូវបានបណ្តុះ នៅតាមមន្ទីររាជធានី-ខេត្ត រួមមាននៅខេត្តកំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ មណ្ឌលគិរី រតនគីរី សៀមរាប ស្វាយរៀង និងថ្នាលតំបន់ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុទ្ធនាការ«ពន្លកបៃតង» បង្កើតឡើងជាមួយការការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ដែលធ្វើការចែកកូនឈើយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ក្នុងគោលដៅបង្កើនគម្របបៃតង ឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

នៅឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះ និងចែកកូនឈើ ជូនសាធារណជនចំនួន១,៣លានដើម. ដោយឡែកនៅឆ្នាំ ២០២៥ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង ៣,៤ លានដើម រួចជាស្រេច ។ នៅឆ្នាំ២០២៦នេះ យុទ្ធនាការពន្លកបៃតង គ្រោងចែកកូនឈើ ចំនួន៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅក្នុងរដូវវស្សាខាងមុខ ៕

