កម្ពុជា សម្រេចបានសមិទ្ធផលធំៗ៣ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំង ជំងឺគ្រុនចាញ់
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំៗចំនួន៣ គឺគ្មានការស្លាប់ដោយសារជំងឺគ្រុនចាញ់ គ្មានភាពស៊ាំថ្នាំគ្រុនចាញ់ គ្មានជំងឺគ្រុនចាញ់គ្រប់ប្រភេទចាប់ពីចុងឆ្នាំ២០២៥ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ» នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សាស្រ្តាចារ្យ ឈាង រ៉ា ថ្លែងថា មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» ។

រដ្ឋមន្រ្តីក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង។

សាស្រ្តាចារ្យ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ និងការពង្រឹង ប្រព័ន្ធសុខាភិបាល ។ លោកបន្តថា ជោគជ័យនេះ កើតចេញពីការវិនិយោគរបស់រាជរដ្ឋាភិបាល ការអនុវត្តយុទ្ធសាស្ត្រ «សុខភាពតែមួយ» ដែលផ្សារភ្ជាប់រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រមទាំងបានមកពីការចូលរួមយ៉ាងសកម្មរបស់ទាំងអស់គ្នា ទើបធ្វើឱ្យសហគមន៍ មានការយល់ដឹង ការពារការចម្លងជំងឺ និងការមកទទួលយកសេវាសុខភាពបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជាកំពុងអវត្តមានករណីជំងឺឆ្លងថ្មីក្នុងប្រទេសចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នឆ្នាំ២០២៦ និងជាប្រទេសទី១ ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុកមុនគេ តាមកាលកំណត់ជាក់លាក់ ដោយគ្មានការផ្លាស់ប្តូរផែនការពេលវេលា។ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្រេចបាននូវផលិតភាពសមិទ្ធផលផែនការយុទ្ធសាស្រ្ត ទាំង ៣គោលដៅ រួមមាន ៖ ១. បញ្ចប់ភាពស៊ាំថ្នាំអាតេមីស៊ីនីនសម្លាប់មេរោគគ្រុនចាញ់នៅឆ្នាំ២០១៥ តាមផែនការ , ២. បញ្ចប់មិនឱ្យមាន ស្លាប់ដោយគ្រុនចាញ់នៅឆ្នាំ២០១៨ មុនផែនការ៣ឆ្នាំ និងទី៣.ករណីជំងឺគ្រុនចាញ់ឆ្លងក្នុងប្រទេសបានធ្លាក់ចុះមកដល់សូន្យករណី ក្នុងត្រីមាសចុងក្រោយ ឆ្នាំ២០២៥តាមផែនការ៕







