ព័ត៌មានជាតិ

លោក ឃួន ផុនរតនៈ ស្នើមជ្ឈមណ្ឌលគាំពារ ពលករបរទេសរបស់កូរ៉េ បន្តការពារពលករខ្មែរ

ភ្នំពេញ ៖ ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានស្នើប្រធានមជ្ឈមណ្ឌលគាំពារ ពលករបរទេសរបស់កូរ៉េ ជួយបន្តការការពារ និងលើកកម្ពស់សិទ្ធិពលករខ្មែរ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ។

ក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Woo Young ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស នៅតំបន់ផ្យង់ថេគ ខេត្ត Gyeonggi-do សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ បានថ្លែងអំណរគុណ ចំពោះប្រធានមជ្ឈមណ្ឌល ដែលតែងតែជួយយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរ និងសហគមន៍ខ្មែរនៅតំបន់ផ្យង់ថេគកន្លងមក។

ជាមួយគ្នានេះ លោកទូតក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងមណ្ឌលគាំពារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធកូរ៉េ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ សុខមាលភាព និងសុវត្ថិភាពរបស់ពលករ និងសហគមន៍ខ្មែរទាំងមូល ដែលកំពុងរស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េ ផងដែរ។

ជាការឆ្លើយតប លោក Kim បានសម្តែងអារម្មណ៍រីករាយដែលបានជួបពិភាក្សាការងារលើកទី ១ ជាមួយឯកឧត្តម ឃួន ផុនរតនៈដោយផ្ទាល់ ហើយលោកសន្យាថា នឹងបន្តជួយសម្របសម្រួល និងផ្តល់ការការពារដល់ពលករខ្មែរជាបន្តទៀត។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងមជ្ឈមណ្ឌលនាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការរៀបចំកម្មវិធីវប្បធម៌ ការផ្តល់ការពិនិត្យសុខភាពជូនពលករខ្មែរដោយឥតគិតថ្លៃ ការផ្តល់សេវាសាធារណៈ និងប្រឹក្សាការងារចល័តរបស់ស្ថានទូត និងការផ្សព្វផ្សាយពីច្បាប់ការងារថ្មីៗរបស់កូរ៉េ ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

To Top