មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែ ជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ
ភ្នំពេញ៖ ក្នុងស្មារតីលើកកម្ពស់ភាពជាដៃគូ និងក្តាប់ជាប់ពីសំណូមពរ និងបញ្ហាប្រឈមនៅកន្លែងធ្វើការ របស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល ប្រចាំខែជាមួយថ្នាក់ ដឹកនាំសហព័ន្ធសហជីព នៅទីស្តីការក្រសួង ដើម្បីផ្តល់នូវអនុសាសន៍សម្រាប់ពង្រឹងភាពជាដៃគូរជាមួយក្រសួង សំដៅដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ជាពិសេសវិវាទការងារ។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាសង្គម ក្នុងគោលដៅតាមដាន និងក្តាប់ជាប់រាល់បញ្ហាប្រឈម នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្រៅពីការចែករំលែកនូវគោលការណ៍ថ្មីៗ របស់រាជរដ្ឋាភិបាល លោកបានអះអាងថា ជំនួបនេះគឺជាស្ពានចម្លងព័ត៌មាន ជាក់លាក់ពីមូលដ្ឋាន ដែលជួយឱ្យក្រសួងធានាបាន នូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត សំដៅបង្កើនភាពសុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះ លោកបានបញ្ជ្រាបនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការត្រៀមរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៤០ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោកបានបន្តលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនសហជីពចូលរួមសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ អនុវត្តសារាចរនេះឱ្យមានប្រសិទ្ធភាព ដោយបំផុសឱ្យមានការរួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលដៅបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូរចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវ: ដើម្បីបង្កើនការទាក់ទាញវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យ ជូនបងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍គន្លឹះ ដោយជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើវប្បធម៌ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។ លោកបានអំពាវនាវឱ្យសហជីព តាមដានរាល់សញ្ញាណនៃបញ្ហា និងរាយការណ៍ជាមុន ដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្មខុសច្បាប់ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពការងារ។ បន្ថែមលើនេះ លោកបានលើកទឹកចិត្តឱ្យសហជីពរៀនសូត្រពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ដើម្បីអភិវឌ្ឍសមត្ថភាព និងពង្រឹងការយល់ដឹងផ្នែកច្បាប់ ដើម្បីក្លាយជាដៃគូចរចាប្រកបដោយន័យស្ថាបនា។

ជាការឆ្លើយតប តំណាងសហព័ន្ធសហជីពបានលើនូវមតិយោបល់និងសំណូមពរមួយចំនួន ក្នុងគោលបំណងឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដោយបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួង ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិតនិងនិយោជក។ ជាមួយគ្នានេះ តំណាងសហជីព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ ជាពិសេសការផ្ដល់សេវា រថយន្តក្រុងជិះឥតគិតថ្លៃសម្រាប់បងប្អូនកម្មករធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ បងប្អូនសហជីពទាំងអស់ បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំ លើការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការគិតគូរដោះស្រាយ រាល់បញ្ហាជូនប្រជាពលរដ្ឋ និងនាំមកនូវភាពរីកចម្រើនដល់វិស័យការងារនៅកម្ពុជា៕









