ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។

ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ឌៃ បានឱ្យដឹងថា «ថ្នាក់ដឹកនាំក្រសួងបានឃើញហើយ។ យើងបានតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណីនេះឱ្យបានសព្វ គ្រប់ជុងជ្រោយ»។

សូមរំលឹកថា មន្ត្រីនគរបាលបុណ្យស័ក្តិខ្ពស់ម្នាក់ ប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំង ទៅលើទង្វើរបស់មន្ត្រីនគរបាលម្នាក់ដែល ត្រូវបានគេស្គាល់ថាមានបុណ្យស័ក្តិខ្ពស់ ឈ្មោះ ខៀវ សុខច័ន្ទសុធា តួនាទីអនុប្រធាននាយកដ្ឋាន បានប្រើសម្តី និងអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតយកទៅដាក់គុក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលការចរចាមិនទាន់ឈានដល់ចំណុចដោះស្រាយនៅឡើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤៩ នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរភោជនីយដ្ឋាន «ឫស្សីស្រស់» ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដំណើររឿងនៃហេតុការណ៍៖
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខ នគរបាល (ជារបស់មន្ត្រីនគរបាលខាងលើ) បានឈប់ចតនៅអែបខាងស្តាំដៃក្បែរចិញ្ចើមផ្លូវ។ ស្របពេលនោះដែរ ក៏មានបុរសម្នាក់ដែលគេដឹងថាទើបនឹងចេញពីបរិភោគអាហារ និងគ្រឿងស្រវឹង បានបើករថយន្តមកបុកចំចំហៀងខាងក្រោយរថយន្តស្លាកលេខនគរបាលនោះ បណ្តាលឱ្យរងការខូចខាតទាំងសងខាង។

អ្វីដែលធ្វើឱ្យមហាជននៅទីនោះហួសចិត្ត គឺនៅពេលដែលភាគីទាំងសងខាងចុះមកចរចាគ្នា ស្រាប់តែម្ចាស់រថយន្តស្លាកលេខនគរបាល ដែលជាមន្ត្រីមានបុណ្យស័ក្តិខ្ពស់ មិនបានប្រើវិធីដោះស្រាយដោយសន្តិវិធី ឬផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ប៉ុន្តែបែរជាប្រើពាក្យសម្តីខ្លាំងៗ គំរាមវាយខ្នោះ និងបញ្ជូនភាគីអ្នកបង្កទៅដាក់ពន្ធនាគារភ្លាមៗ។

សកម្មភាពអាងអំណាច អាងបុណ្យស័ក្តិ និងការប្រើសំឡុតនេះ បានធ្វើឱ្យមហាជនដែលតាមដានហេតុការណ៍ សម្តែងការមិនពេញចិត្តជាខ្លាំង ខណៈដែលក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ គួរតែជាអ្នករក្សាភាពស្ងប់ស្ងាត់ និងទុកឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ជាអ្នកធ្វើការវាស់វែង និងសម្របសម្រួលតាមនីតិវិធី។

មហាជនកំពុងរង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់ចំពោះករណីនេះនឹងទៅជាយ៉ាងណា? ខណៈដែលភាគីម្ខាងទៀតត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់មន្ត្រីរូបនោះ។ តើការប្រើអំណាចគំរាមយកមនុស្សដាក់គុកដោយផ្ទាល់មាត់បែបនេះ គឺជាទង្វើត្រឹមត្រូវតាមក្រមសីលធម៌កងកម្លាំងដែរឬទេ?

បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះមកអន្តរាគមន៍ ដើម្បីបន្តនីតិវិធីដោះស្រាយទៅតាមច្បាប់៕

To Top