កម្ពុជា-ចិន ឯកភាពគ្នា ធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងកិច្ចប្រជុំ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១រវាងកម្ពុជា-ចិន ភាគីទាំងពីរ បានឯកភាពគ្នា ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែងសម្រាប់អនាគត ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ការឯកភាពគ្នា ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងកម្ពុជា-ចិននូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២នោះ គឺរាប់ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពលរួមមាន ៖ បរិវត្តកម្មឌីជីថល , ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ , ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ។
លោកបន្តថា “ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាព នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ” ។
អ្នកនាំពាក្យបន្ថែមថា ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវ «មិត្តភាពដែកថែប» ដ៏រឹងមាំ រវាងកម្ពុជា-ចិន ដោយផ្អែកលើមូលដ្ឋាន នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងការគាំទ្រ ឥតងាករេចំពោះផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមក ៕
