ព័ត៌មានជាតិ

អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ ពិចារណាជួយគាំទ្រ ដល់ជនមានពិការភាពនៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

លោកបណ្ឌិត លី ធុជ បានស្នើបែបនេះ នាឱកាសអនុញ្ញាតឱ្យ លោកស្រី Wang Yahui នាយិកាមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ (China Foundation for Peace and Development) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះ លោកស្រី Wang Yahui បានស្នើឱ្យអាជ្ញាធរមីន ផ្តល់នូវការគាំទ្រ ផ្តល់ភាពដៃគូ និងកិច្ចសហប្រតិបត្តិការ ក្នុងការរួមចំណែករបស់មូលនិធិ ក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ផងដែរ ។

លោកស្រី Wang Yahui បានគូសបញ្ជាក់អំពីសកម្មភាព នានារបស់មូលនិធិចិន សម្រាប់សន្តិភាពនិងការអភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងនោះផ្តោតសំខាន់ លើការងារមនុស្សធម៌ និងមានដៃគូ ជាមួយអង្គការសង្គមស៊ីវិលជាច្រើន ក្នុងការជួយគាំទ្រដល់សកម្មភាព មនុស្សធម៌តាមប្រទេសក្នុងតំបន់ ។ មូលនិធិចិន សម្រាប់សន្តិភាពនិងការអភិវឌ្ឍ មានទីស្នាក់ការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ហើយបាននិងកំពុងជួយដល់ សហគមន៍ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រមទាំងបានកោតសរសើដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ ផងដែរ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ភាគីទាំងពីរ អាជ្ញាធរមីន និងមូលនិធិ CFPD បានប្តេជ្ញាសហការគ្នា និងផ្តល់ភាពជាដៃគូរវាងគ្នា ក្នុងដំណើរការរួមគ្នាលើសកម្មភាពមនុស្សធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា៕

To Top