ព័ត៌មានជាតិ

ក្រសួងការបរទេស ៖ ការដកខ្លួន ដោយឯកតោភាគី របស់ថៃ ចេញពី MOU-2001 គឺជាជំហានមួយងាក ចេញពីស្មារតី សហប្រតិបត្តិការ

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃកម្ពុជា បានឱ្យដឹងថា ការដកខ្លួនដោយឯកតោភាគី របស់ប្រទេសថៃ ចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះ នៃការចុះហត្ថលេខាលើឯកសារនេះ។

នេះបេីយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៤ មេសា។

ឆ្លើយតបចំពោះ ការសាកសួរពីសារព័ត៌មាន ពាក់ព័ន្ធនឹងការសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១ (MOU-2001) អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានគូសបញ្ជាក់ថា ដូចដែលបានគូសបញ្ជាក់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វាជារឿង គួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្ត ដកខ្លួនចេញពីអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១ នេះ។

លើសពីការ រៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្រប តាមច្បាប់អន្តរជាតិផងដែរ។

លើលពីនេះ MOU-2001 ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយ ប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។

អ្នកនាំពាក្យ ថា «ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះ នៃការចុះហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជាវិញ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១»៕

To Top