សមត្ថកិច្ចឃាត់ខ្លួនបុរសអនាថាម្នាក់ ដែលប្រើសម្តីអសុរោះ និងគំរាមប្រើហិង្សា លើជនបរទេស យកមកអប់រំ
ភ្នំពេញ៖ បុរសម្នាក់ដែលបានបង្កការភ្ញាក់ផ្អើល និងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ពាក់ព័ន្ធនឹងការប្រើសម្តីអាក្រក់ និងកាយវិការ ចង់ប្រើហិង្សាលើជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកឃើញ និងនាំខ្លួនមកធ្វើការអប់រំហើយ កាលពីយប់មិញនេះ។
នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញបុរសបង្កហេតុរូបនោះ នៅចំណុចសួនច្បារឫស្សីកែវ។ ភ្លាមៗនោះ គាត់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងអនុវត្តនីតិវិធីអប់រំ។
ឆ្លងតាមការត្រួតពិនិត្យ និងសាកសួរនាំ សមត្ថកិច្ចបានបញ្ជាក់ពីអត្តសញ្ញាណ និងសាវតារបស់បុរសរូបនេះដូចខាងក្រោម៖
-មុខរបរ៖ ជាអ្នករើសអេតចាយ។
-ស្ថានភាពរស់នៅ៖ ជាជនអនាថា គ្មានទីលំនៅពិតប្រាកដ ដោយដើរដេកតាមវត្តអារាម និងតាមទីធ្លាសាធារណៈនានា។
ការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីមានការចែកចាយវីដេអូ ដែលបង្ហាញពីសកម្មភាពរបស់បុរសរូបនេះ ប្រើសម្តីជេរប្រមាថ និងមានបំណងចង់វាយតប់ទៅលើជនបរទេសម្នាក់។ សកម្មភាពនេះត្រូវបានមហាជនយល់ឃើញថា ជាទង្វើមិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរូបភាពថ្លៃថ្នូរ របស់ប្រទេសជាតិ។
បច្ចុប្បន្ន បុរសរូបនេះកំពុងស្ថិត ក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងទទួលការអប់រំឱ្យរស់នៅមានសណ្តាប់ធ្នាប់ឡើងវិញ៕
