ទោះបញ្ចប់រឿងចរាចរណ៍ ប៉ុន្តែមហាជននៅតែមិនព្រមចប់ ចំពោះចរិត «ជក់ Vape បង្អួតភ្នែកនិងសម្តីអសុរស» របស់មន្ត្រីស័ក្តិ៥ ខៀវ សុងច័ន្ទសុធា
ភ្នំពេញ៖ មហាជនបានលើកឡើងថា ប្រសិនបើពលរដ្ឋសាមញ្ញជាអ្នកជក់ Vape ឬប្រើសម្តីគំរាមមន្ត្រីវិញ តើនឹងមានរឿងអ្វីកើតឡើង?


ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពាក់ស្លាកលេខនគរបាល និងរថយន្តពលរដ្ឋ នៅខណ្ឌច្បារអំពៅ ត្រូវបានដោះស្រាយបញ្ចប់ដោយការយោគយល់គ្នា ប៉ុន្តែអ្វីដែលមហាជននៅតែមិនអាចទទួលយកបាន និងកំពុងរង់ចាំមើលវិន័យកងកម្លាំងនោះ គឺអាកប្បកិរិយារបស់មន្ត្រីនគរបាលជាន់ខ្ពស់រូបនោះ។
មហាជននៅតែមិនភ្លេចនូវសម្តីដែលលោក ខៀវ សុងច័ន្ទសុធា បានប្រើប្រាស់នៅកន្លែងកើតហេតុ គឺការគំរាម «វាយខ្នោះ» និង «បញ្ជូនទៅដាក់គុក»។
ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ឋានៈដល់អនុប្រធាននាយកដ្ឋាន ការប្រើពាក្យសម្តីបែប «ឈ្លើយ» និង «កោងកាច» មកលើពលរដ្ឋក្នុងជម្លោះចរាចរណ៍ គឺជាការបង្ហាញពីភាពអន់ថយនៃសីលធម៌ និងការយល់ដឹងផ្នែកច្បាប់របស់បុគ្គលរូបនេះ។
ចំណុចដែល មិនអាចលើកលែងបាននោះ គឺរូបភាពដែលលោក ខៀវ សុងច័ន្ទសុធា ឈរជក់បារីអេឡិចត្រូនិច (Vape) យ៉ាងរំភើយនៅកន្លែងកើតហេតុ។ នេះមិនមែនជារឿងបុគ្គលធម្មតានោះទេ ប៉ុន្តែជាការផ្ដោះប្ដូរយ៉ាងចំហចំពោះបទបញ្ជារបស់រាជរដ្ឋាភិបាល៖
តើលោកមិនដឹងទេឬថា បារីអេឡិចត្រូនិចគឺជាទំនិញហាមឃាត់?
តើលោកជក់ ក្នុងបំណងចង់បង្អួតអំណាច ឬចង់បង្ហាញថាលោកនៅពីលើច្បាប់?
ខណៈដែលមន្ត្រីនគរបាលទូទាំងប្រទេសកំពុងចុះបង្ក្រាប Vape យ៉ាងសស្រាក់សស្រាំ បែរជាមន្ត្រីស័ក្តិ ៥ រូបនេះ ជក់បង្អួតភ្នែកសមត្ថកិច្ចថ្នាក់ក្រោមយ៉ាងព្រងើយ។ ទង្វើនេះគឺជាការទម្លាក់តម្លៃអង្គភាពនគរបាលជាតិ និងជាការដុតបំផ្លាញទំនុកចិត្តរបស់ពលរដ្ឋ។

ការបញ្ចប់រឿងរដ្ឋប្បវេណី (សងសំណង) គឺជាការបញ្ចប់រឿងរវាងបុគ្គល និងបុគ្គល។ ប៉ុន្តែការប្រើ «សម្តីអសុរស» និងការជក់ «បារីអេឡិចត្រូនិច» គឺជាកំហុសវិន័យ និងច្បាប់រដ្ឋបាល ដែលក្រសួងមហាផ្ទៃមិនគួរមើលរំលង។
មហាជនសង្ឃឹមថា នឹងមានការអនុវត្តវិន័យកងកម្លាំងឱ្យបានតឹងរ៉ឹងបំផុត ដើម្បីកុំឱ្យមន្ត្រីដទៃទៀតយកតម្រាប់តាមចរិតអាងអំណាច និងមើលស្រាលច្បាប់បែបនេះតទៅទៀត៕


