ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារប្រមាណជាង ៥ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែង រកការងារធ្វើ

កំពង់ឆ្នាំង-កំពង់ធំ៖ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់គ្នានោះ មានឱកាសការងារ ៥,៥៥៨កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ៥,០៧៩កន្លែង និង ខេត្តកំពង់ធំ មានឱកាសការងារចំនួន ៤៧៩កន្លែង ដែលកំពុងរង់ចាំបងប្អូន អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខ ទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញ ចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕

To Top