ព័ត៌មានជាតិ

ក្រសួងការងារ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កំពង់ស្ពឺ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

តាមរយៈការផ្សព្វផ្សាយ របស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសានេះ ខេត្តកំពង់ស្ពឺមានឱកាសការងារ ចំនួន ២៣,៧០៣កន្លែង កំពុងរង់ចាំបងប្អូន អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារ ធ្វើទាក់ទងវិស័យឧស្សាហកម្ម។

បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែង រកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញ ចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕

To Top