ព័ត៌មានជាតិ

ជនបរទេសដែលរងការគំរាមកំហែង បង្ហាញក្ដីអាណិតអាសូរ​ ដល់បុរសបង្កហេតុ និងអរគុណដល់ប្រជាជនកម្ពុជា ចំពោះទឹកចិត្តដ៏ល្អប្រពៃ

ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន បុរសអនាថាម្នាក់ដែលបានប្រើសម្តីអសុរោះ និងគំរាមកំហែងលើរូបលោក កាលពីពេលថ្មីៗនេះ លោក Tyler Fox ដែលជាម្ចាស់គណនីបណ្តាញសង្គម និងជាជនបរទេសក្នុងហេតុការណ៍នោះ បានចេញមុខថ្លែងអំណរគុណដល់ប្រជាជនកម្ពុជា និងបង្ហាញក្ដីមេត្តា ចំពោះបុរសបង្កហេតុ ។

តាមរយៈការបង្ហោះលើបណ្តាញសង្គម លោក Tyler Fox បានរៀបរាប់ថា លោកពិតជាមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង បន្ទាប់ពីទទួលបានសារសុំទោស រាប់ពាន់ពីសំណាក់ប្រជាជនកម្ពុជា ។ លោកបានបញ្ជាក់ថា៖ «នេះជាអ្វីដែលខ្ញុំមិនដែលរំពឹងទុក ហើយវាបានសបញ្ជាក់យ៉ាងច្បាស់ ពីមនោសញ្ចេតនា និងវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជនកម្ពុជា។ ការគោរព ក្តីសប្បុរស និងការទទួលខុសត្រូវ ដែលអ្នកទាំងអស់គ្នាបង្ហាញមកកាន់រូបខ្ញុំ ពិតជាបានបង្ហាញពីសេចក្តីថ្លៃថ្នូរ របស់ប្រទេសកម្ពុជា»។

ពាក់ព័ន្ធនឹងបុរស ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងអប់រំនៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ លោក Tyler Fox បានបង្ហាញទស្សនៈប្រកបដោយក្តីមេត្តាថា លោកមានអារម្មណ៍អាណិតអាសូរ ដល់បុរសម្នាក់នោះ ដោយយល់ឃើញថា គាត់អាចជាជនអនាថា និងមានស្ថានភាពផ្លូវចិត្តមិនប្រក្រតី ។ លោកបញ្ជាក់ថា ខ្លួនមិនដែលមានបំណងចង់ឱ្យរឿងអាក្រក់ កើតឡើងលើបុរសនោះទេ ហើយលោកជឿថា បុរសរូបនោះ មិនគួរទទួលរងការដាក់ទោសទណ្ឌធ្ងន់ធ្ងរឡើយ ។ លោកសង្ឃឹមថា បុរសម្នាក់នោះនឹងអាចរៀនសូត្រពីកំហុស និងអាចកែប្រែជីវិតឱ្យប្រសើរឡើងវិញនាពេលអនាគត ។
សរុបព្រឹត្តិការណ៍

សូមបញ្ជាក់ថា ជនបង្កហេតុគឺជាជនអនាថា មុខរបររើសអេតចាយ ដែលត្រូវបានសមត្ថកិច្ចរកឃើញនៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅម្ដុំសួនច្បារឫស្សីកែវ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចាត់វិធានការអប់រំ និងណែនាំតាមនីតិវិធី។

កាយវិការរបស់លោក Tyler Fox និងការឆ្លើយតបដ៏រហ័សរហួនពីសំណាក់មហាជន ក៏ដូចជាសមត្ថកិច្ចកម្ពុជា បានក្លាយជាគំរូដ៏ល្អក្នុងការរក្សារូបភាពវិជ្ជមាននៃវិស័យទេសចរណ៍ និងភាពជាម្ចាស់ផ្ទះដែលប្រកបដោយសីលធម៌ខ្ពស់៕

សារព័ត៌មាន ដើមអម្ពិល – ព័ត៌មានទាន់ហេតុការណ៍ដោយ សយ សុភាព 👉 https://t.me/daphotnews

To Top