មន្ទិល! បើ ជាកំហុសបុគ្គលក្រៅម៉ោងការងារ ចុះហេតុអ្វី បានជាប្រើប្រាស់រថយន្តស្លាកលេខ «នគរបាល»?
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានបង្គាប់ឱ្យ លោកវរសេនីយឯក ខៀវ សុងច័ន្ទសុធា ធ្វើរបាយការណ៍ និងមកបំភ្លឺជូនក្រុមប្រឹក្សាវិន័យនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដើម្បីចាត់ការតាមនីតិវិធី និងបទវិន័យនគរបាលជាតិកម្ពុជា ។អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តែងតែអប់រំបទបញ្ជាផ្ទៃក្នុង និងបទវិន័យនគរបាលជាតិកម្ពុជា ឱ្យចៀស វាងឥរិយាបទអសីលធម៌ ក្នុងការបំពេញការងារ។


តាមរយៈសេចក្ដីបំភ្លឺព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានព្យាយាមបកស្រាយថា ទង្វើរបស់លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា គឺជា «ការប្រព្រឹត្តកំហុសឆ្គងក្រៅម៉ោងបំពេញការងារ» និងជា «ការទទួលខុសត្រូវរបស់បុគ្គល»។ ប៉ុន្តែ ការបំភ្លឺនេះបានបង្កើតជាសំណួរមន្ទិលយ៉ាងធំ ដែលអង្គភាពមិនអាចមើលរំលងបាន៖
១. សំណួរអំពីការប្រើប្រាស់មធ្យោបាយរដ្ឋខុសគោលដៅ៖បើអង្គភាពអះអាងថាជា “ម៉ោងក្រៅការងារ” ឬជា “រឿងបុគ្គល” តើហេតុអ្វីបានជាលោក ខៀវ សុងច័ន្ទសុធា យក រថយន្តពាក់ស្លាកលេខនគរបាល (ទ្រព្យសម្បត្តិរដ្ឋ) មកប្រើប្រាស់សម្រាប់កិច្ចការផ្ទាល់ខ្លួនរហូតដល់ពាក់កណ្តាលអធ្រាត្របែបនេះ? តើបទបញ្ជាផ្ទៃក្នុងរបស់នគរបាលជាតិ អនុញ្ញាតឱ្យមន្ត្រីយករថយន្តរដ្ឋ ទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន?
២. តើការប្រើឡាននគរបាលមកគំរាមពលរដ្ឋ ជាកំហុសបុគ្គល ឬកំហុសវិន័យអង្គភាព?
នៅពេលដែលមន្ត្រីម្នាក់ ជិះរថយន្តនគរបាល ហើយប្រើសម្តីគំរាមវាយខ្នោះ ពលរដ្ឋដាក់គុក វាមិនមែនជារឿងបុគ្គលធម្មតាទៀតឡើយ ព្រោះបុគ្គលរូបនេះបានយក “អំណាចរដ្ឋ” និង “មធ្យោបាយរដ្ឋ” មកប្រើដើម្បីជិះជាន់សតិអារម្មណ៍។
៣. ភាពផ្ទុយគ្នានៃការអនុវត្តច្បាប់៖
- រាស្ត្រសាមញ្ញ៖ ក្មេងប្រុសម្នាក់ថតរូបកាន់ដាវ (ជារឿងបុគ្គល ក្រៅម៉ោងសិក្សា) តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ និងបញ្ជូនទៅដេកពន្ធនាគារភ្លាមៗ។
•មន្ត្រីស័ក្តិ ៥៖ យករថយន្តរដ្ឋទៅប្រើប្រាស់ខុសគោលដៅ ជក់បារីអេឡិចត្រូនិចបំពានបម្រាមរដ្ឋាភិបាល និងគំរាមរាស្ត្រ តែអង្គភាពបែរជាឆ្លើយថា “ជារឿងបុគ្គល” ហើយឱ្យត្រឹមតែធ្វើរបាយការណ៍បំភ្លឺ?
សូមរំលឹកផងដែរថា នាយប់ថ្ងៃកើតហេតុ គឺមានប្រតិបត្តិការចុះបង្ក្រាបហាងមួយកន្លែង ឈ្មោះ ឬស្សីស្រស់ ខណ:ឡាននគរបាល បានចតក្បែរហាងនោះផងដែរ ដែលប្រជាពលរដ្ឋគិតថា ការដែលឆ្លើយបំភ្លឺនេះ គឺគ្រាន់តែជាការយកលេសប៉ុណ្ណោះ។
ការបកស្រាយថា ជារឿង “បុគ្គលក្រៅម៉ោងការងារ” នឹងមានទម្ងន់ លុះត្រាតែបុគ្គលនោះ ប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន (ឡានស្លាកលេខស៊ីវិល) ប៉ុន្តែដរាបណានៅតែប្រើ “ឡាននគរបាល” ដើរបង្កបញ្ហា នោះអង្គភាពសាមីមិនអាចគេចផុតពីការទទួលខុសត្រូវ និងការរិះគន់ពីសំណាក់ ប្រជាពលរដ្ឋបានឡើយ ៕



