ព័ត៌មានជាតិ

សម្តេចធិបតី ៖ ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា «នឹងរក្សាអត្រាកំណើនខ្ពស់»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា «នឹងរក្សាអត្រាកំណើនខ្ពស់» ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិ។

តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ» សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខសន្តិភាពពេញលេញ ដែលបានខិតខំរួមគ្នាថែរក្សា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

បន្ថែមពីនេះ គោលនយោបាយ និង យុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិង ដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាព មិនប្រាកដប្រជាកាន់ តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សម្រាប់ឆ្នាំ២០២៦នេះ កំណើន សេដ្ឋកិច្ចកម្ពុជាក៏ត្រូវ បានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍ នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក»។

លើសពីនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។

បន្ថែមលើនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់៕

To Top