ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ប្រគល់រថយន្តដឹកសំរាមបន្ថែម ដើម្បីពង្រឹងការគ្រប់គ្រង សំរាមរបស់កម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងទៀត ដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្ត ដែលជាជំនួយរថយន្តរបស់ជប៉ុន សរុបកើនឡើងចំនួន ៣០ គ្រឿង។

រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយ លោក Ueno Atsushi ទៅក្រសួងបរិស្ថាន ក្នុងពិធីផ្លូវការមួយ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។

ក្នុងពិធីប្រគល់និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុន បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែអំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន ចំពោះការ គាំទ្រជាបន្តបន្ទាប់ និងបានថ្លែងចាត់ទុកថាជំនួយនេះ ចូលរួមចំណែកដ៏មាន អត្ថន័យក្នុងការពង្រឹងសមត្ថភា ពគ្រប់គ្រងកាកសំណល់ នៅថ្នាក់ក្រោមជាតិ ។ រថយន្តដឹកសំរាមត្រូវបាន បែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្ត ភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាល មូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព»របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថាន រយៈពេលវែង ។

លោក បានលើកទឹកចិត្តដល់អាជ្ញាធរ ខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព។ លោក បណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវ ឱ្យកិច្ចខិតខំប្រឹងប្រែង ប្រែក្លាយពីយុទ្ធនាការទាំងនេះ ដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ៕

To Top