លោក ចាយ បូរិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនលោក កង ណែម ដល់គេហដ្ឋាន
ភ្នំពេញ៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ លោក កង ណែម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល នៅគេហដ្ឋាន ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ លោក ចាយ បូរិន បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូនដល់ លោក កង ណែម ព្រមទាំងក្រុមគ្រួសារ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាជន និងថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះប្រទេសជាតិមាតុភូមិ។

ជាមួយគ្នានេះ លោក កង ណែម ព្រមទាំងក្រុមគ្រួសារ បានសម្ដែងកតញ្ញុតាធម៌ និងសេចក្ដីសោមនស្សចិត្តយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលបានចាត់លោក ចាយ បូរិន ជាតំណាចុះមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យរូបលោក និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។
លោក ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿជឿជាក់យ៉ាងមុតមាំចំ ពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការចរចារ ដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗ ជូនជាតិមាតុភូមិ៕

