ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ៖ មានតែកម្ពុជាមួយគត់ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជាបណ្តោះអាសន្ន សម្រាប់ថ្លៃធ្វើដំណើរដល់បងប្អូនកម្មករ និយោជិត ផ្នែកវិស័យកាត់ដេរ ក្នុងបរិបទវិបត្តិប្រេង ឥន្ទនៈជាសកល

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា មានតែកម្ពុជាមួយគត់ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជាបណ្តោះអាសន្ន សម្រាប់ថ្លៃធ្វើដំណើរដល់បងប្អូនកម្មករនិយោជិត ផ្នែកវិស័យកាត់ដេរក្នុងបរិបទ វិបត្តិប្រេងឥន្ទនៈជាសកល។

លោក​រដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក​រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងការងារក្រសួងបានអនុវត្តភ្លាមៗ នូវអនុសាសន៍បន្ថែមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការចរចាជាមួយភាគី និយោជក និងសហជីពជាបន្ទាន់ ហើយបានឯកភាពគ្នា ផ្តល់ប្រាក់សោហ៊ុយ ធ្វើដំណើរបណ្ដោះអាសន្នបន្ថែម ២,៥០ដុល្លារទៀត ដើម្បីសម្រាលបន្ទុកក្នុងពេលមានវិបត្តិប្រេងឥន្ទនៈជាសកល ដែលប្រាក់ឧបត្ថម្ភបន្ថែមនេះ ផ្តល់ជូនចាប់ពីខែមេសា រហូតស្ថានភាពប្រេងត្រឡប់មកប្រក្រតីភាពវិញ។

លោក​ថ្លែងថា៖«មានតែកម្ពុជាមួយគត់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជាបណ្តោះអាសន្ន សម្រាប់ថ្លៃធ្វើដំណើរដល់បងប្អូនកម្មករ និយោជិតផ្នែកវិស័យកាត់ដេរ»។

បើតាម លោក​រដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏បានកាត់បន្ថយ និងលើកលែងពន្ធជាច្រើនប្រភេទដើម្បីសម្រួលថ្លៃប្រេង ឱ្យនៅទាបជាអតិបរិមា បើទោះបីជាត្រូវកាត់បន្ថយ ចំណូលពន្ធប្រមាណជាង ១០០លានដុល្លារក្នុងរយៈពេលឧបត្ថម្ភធននេះក៏ដោយ។ ទន្ទឹមនឹងនេះ ជាការយកចិត្តទុកដាក់ដល់បងប្អូនកម្មករនិយោជិត ក្រសួងការងារ ក៏បានបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី តាមដានការកំណត់ថ្លៃជួលបន្ទប់ស្នាក់នៅ, ការតបណ្តាញទឹកស្អាត ការគិតថ្លៃទឹកស្អាត, និងការតបណ្ដាញអគ្គិសនីជាប្រចាំផងដែរ៕

To Top