ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយភ្លាមៗ ជូនភ្ញៀវទេសចរជប៉ុន ករណីភាពមិនប្រក្រតីហាងម៉ាស្សាមួយកន្លែង

ភ្នំពេញ៖ ចំណាត់ការរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយភ្លាមៗ ជូនភ្ញៀវទេសចរជប៉ុនដែលបានរាយការណ៍ ពីភាពមិនប្រក្រតីរបស់ហាងម៉ាស្សា មួយកន្លែង នៅរាជធានីភ្នំពេញ ព្រមទាំងស្រាវជ្រាវរកឃើញនិងដកហូតលុយ ដែលបាត់បង់នោះប្រគល់ឱ្យជនបរទេស ជាជនជាតិជប៉ុននោះវិញ ។

ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយគោរពប្រតិបត្តិ តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការធានាផ្តល់នូវសុខសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនបុរសម្នាក់ ម្ចាស់ទីតាំងហាងម៉ាស្សា ពាក់ព័ន្ធសមគំនិតជាមួយបុគ្គលិកស្រ្តី ដែលបានលួចលុយភ្ញៀវជនបរទេស ចំនួន២ម៉ឺនយ៉េន (ជប៉ុន) ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ក្រោយសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងដកហូតលុយ ដែលបាត់បង់នោះ ប្រគល់ឱ្យជនបរទេស ជាជនជាតិជប៉ុននោះវិញ។

ដោយឡែកចំពោះបុគ្គលិកស្រ្តី២នាក់ កំពុងគេចខ្លួន ដែលបានធ្វើសកម្មភាព លួចលុយភ្ញៀវ(ជនជាតិជប៉ុន) ចូលទទួលសេវាម៉ាស្សា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង០០នាទី នៅចំណុចផ្ទះលេខ៥១ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីយកមកអនុវត្តតាមនីតិវិធី៕

To Top