DAP News
ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ”

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

ថ្លែងសុន្ទរកថាក្នុងពិធីបើក លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់មន្រ្តីបច្ចេកទេសក្រសួង មន្ត្រីបច្ចេកទេសតាមបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត អ្នកទទួលការអនុវត្តគម្រោង លើការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព ជាពិសេសការសិក្សា ស្រាវជ្រាវ និងសាកល្បងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដែលស្របទៅតាមនិន្នាការ និងបរិបទជាក់ស្តែង ដែលឆ្លើយតបទៅនឹងការថយចុះនូវវត្ថុធាតុដើម នាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះសិក្ខាសាលានេះផងដែរ គឺជាការពង្រឹងសមត្ថភាព ក្នុងការអនុវត្តកម្មវិធីអាទិភាពទី១ របស់ក្រសួង ដែលផ្តោតសំខាន់ លើការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាពដើម្បីតភ្ជាប់ និងធ្វើឱ្យមានសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទៅកាន់ទីក្រុង ព្រមទាំងអាចផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទស្របនឹងពាក្យស្លោក “មានផ្លូវ មានសង្ឃឹម” ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាព នៃវិស័យភស្តុភារកម្មផងដែរ។

សិក្ខាសាលាបានដំណើរការដោយផ្ដោតលើការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗ ចំនួន ៩ រួមមាន៖ ទី១៖ ផលិតផល Beton Block and Pave, ទី២៖ Fiberglass rebar, ទី៣៖ សំណង់ស្ពាន (Bridge Construction), ទី៤៖ ផលិតផលបេតុងចាក់ស្រាប់ (Precast Concrete Products), ទី៥៖ ផលិតផលកៅស៊ូក្រាលថ្នល់, ទី៦៖ កៅស៊ូបេតុងត្រជាក់ (Cold Mix Asphalt), ទី៧៖ បច្ចេកទេសការពង្រឹងគុណភាពដី ទី៨៖ ដំណោះស្រាយសំណង់សម្រាប់ស្ពានសាងសង់ថ្មីនិងការជួសជុល និងទី៩៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះតំណាងក្រុមហ៊ុនទាំងអស់ដែលបានធ្វើបទបង្ហាញទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ជូនដល់អង្គសិក្ខាសាលាទាំងមូល។

បន្ថែមពីនេះទៀត លោករដ្ឋមន្ដ្រី ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ដៃគូអភិវឌ្ឍន៍ អ្នកទទួលការ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមក្នុងអង្គសិក្ខាលាសារយៈពេល១ ថ្ងៃពេញនាពេលមនេះ។ ហើយតាមរយៈបទបង្ហាញទាំង៩ ខាងលើ លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា មន្រ្តីបច្ចេកទេស ដៃគូអភិវឌ្ឍន៍ អ្នកទទួលការ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងយកបច្ចេកទេស និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានាពេលនេះ ទៅប្រើប្រាស់ ក្នុងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទឱ្យកាន់តែល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ដែលអាចផ្ដល់លទ្ធផលប្រកបដោយមោទនៈ សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសចែកលិខិតថ្លែងអំណរគុណជូនដល់តំណាងក្រុមហ៊ុនដែលបានធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលា៕

To Top