សិង្ហបុរី បង្ហាញការគាំទ្រ យ៉ាងសកម្ម ដល់គម្រោងការពារបរិស្ថាន និងអភិវឌ្ឍប្រកប ដោយចីរភាពនៅកម្ពុជា
ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា បានលើកឡើងពីគម្រោងពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន រវាងប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរី។

លោក ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញសកម្មភាពលើភាពស្អាត ភាពបៃតង និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីគម្រោង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ដែលរួមមាន ការគ្រប់គ្រងសំណល់ ការទប់ស្កាត់ការបំពុលទឹក និងខ្យល់សាធារណៈ ក្នុងការជំរុញសកម្មភាពឆ្ពោះទៅភាពស្អាត ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រមូលទុកដាក់ និងគ្រងសំរាមនិងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញកិច្ច សហប្រតិបត្តិការលើការងារទីផ្សារកាបូន រួមទាំងសកម្មភាពកសាង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការ អភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារនិងអភិរក្សាបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។
លោក រដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបង្ហាញ ការគាំទ្ររបស់ប្រទេស សិង្ហបុរី ដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាបរិស្ថាន រួមទាំងការគ្រប់គ្រង គុណភាពទឹកទន្លេមេគង្គ៕

