កំណើតកូនផ្សោតទន្លេមេគង្គទី៦ នាំមកនូវក្តីសង្ឃឹម សម្រាប់ការអភិរក្ស នៅដើមឆ្នាំ២០២៦
ភ្នំពេញ៖ កូនផ្សោតទន្លេមេគង្គ ទើបកើតថ្មីចំនួន១ក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបថា កូនផ្សោតនេះត្រូវបានរកឃើញ ដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF ផងដែរ។ កូនផ្សោតនេះមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេងជាមួយ ក្រុមសត្វផ្សោតពេញវ័យប្រមាណ ៦ក្បាល ផ្សេងទៀត។

នេះគឺជាកូនផ្សោតទី៦ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ចំនួនសរុប ១១៨ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សា បាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់ ។
ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួងសូមអំពាវនាវ ដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមការពារសត្វផ្សោត ដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរព តាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោតតូចៗទាំងនេះ អាចធំធាត់ដោយសុវត្ថិភាព។

ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់ របស់សត្វផ្សោតទន្លេមេគង្គ ។
ប្រសិនបើបងប្អូនបាន ប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ដើម្បីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕
