ក្រុមអនុព័ន្ធយោធាបរទេស អញ្ជើញទៅកាន់ខេត្តមួយចំនួន ក្នុងតំបន់ព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បានអញ្ជើញ ទៅកាន់ខេត្តមួយចំនួន ក្នុងតំបន់ព្រំដែន កម្ពុជា-ថៃ អំឡុងពេលកំពុងអនុវត្តបទឈប់បាញ់ រវាងប្រទេសទាំងពីរ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា «នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦នាទីព្រឹក ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ច ជូនក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅកាន់ខេត្តមួយ ចំនួនក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលកំពុង អនុវត្តបទឈប់បាញ់ រវាងប្រទេសទាំងពីរ»។

ប្រភពដដែល បន្ដថា ក្នុងនាមជារដ្ឋ ដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការ ដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន របស់ធម្មនុញ្ញអង្គការ សហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាត ការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាន នូវដំណោះស្រាយមួយ ដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជន នៃប្រទេសទាំងពីរអាចរួមរស់ ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ៕


