ព័ត៌មានជាតិ

កម្ពុជា-ថៃ បញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត ចំពោះបទ ឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី

ភ្នំពេញ ៖ កម្ពុជា-ថៃ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការបរទេស បានឱ្យដឹងថា «នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-សហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។

ភាគីទាំងពីរ បានពិភាក្សាត្រង់ទៅត្រង់ មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាព ដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញ នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាព យូរអង្វែង រវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញ ចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង៕

To Top