ព័ត៌មានជាតិ

ទូតខ្មែរនៅកូរ៉េ ៖ E-mobility ជាចំណុចស្នូល បំលែងសេដ្ឋកិច្ចកម្ពុជា ទៅសេដ្ឋកិច្ចបៃតង និងឌីជីថល

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា ការរៀបចំគោលនយោបាយសម្រាប់វិស័យ E-mobility នៅកម្ពុជា គឺជាចំណុចស្នូលក្នុងការបំលែងសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល ។

ការលើកឡើងរបស់លោក ឃួន ផុនរតនៈ នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពសម្រាប់មន្ត្រីរាជការកម្ពុជា ស្តីពីបច្ចេកវិទ្យាថ្មីៗ និងការរៀបចំគោលនយោបាយសម្រាប់វិស័យ e-mobility នៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។

កម្មវិធីនេះ រៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង (NIGT) នៅសណ្ឋាគារ Koreana ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោងដៃគូអភិវឌ្ឍផ្លូវការ (ODA) របស់ KOICA ដែលមានគោលបំណងគាំទ្រកម្ពុជាក្នុងការកសាង និងបង្កើនសមត្ថភាពគោលនយោបាយជាតិ ព្រមទាំងបង្កើតមូលដ្ឋានស្ថាប័នរឹងមាំសម្រាប់ការគ្រប់គ្រងថ្មយានយន្តអគ្គិសនី (EV) ចាប់ពីដំណាក់កាលផលិត ការប្រើប្រាស់ ការប្រមូល ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ។

ឯកអគ្គរាជទូតគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យ e-mobility មិនត្រឹមតែជាជំហានសំខាន់សម្រាប់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចស្នូលក្នុងការបំលែងសេដ្ឋកិច្ចកម្ពុជាទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍ និងការកសាងធនធានមនុស្សដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពប្រកួតប្រជែង ។
ជាមួយគ្នានេះលោក ឃួន ផុនរតនៈ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើវិស័យអាទិភាពដូចជា ថាមពលស្អាត បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍធនធានមនុស្ស។ លោកថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាមទិសដៅនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ការកាត់បន្ថយការបំពុល និងការលើកកម្ពស់គុណភាព ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែង៕

To Top