ព័ត៌មានជាតិ

កម្ពុជា រៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយរំលេចតួនាទីកម្មសិទ្ធិបញ្ញា ក្នុងវិស័យកីឡា

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិជាច្រើន ។

ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិ បញ្ញាពិភពលោកនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីកាន់តែសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗ រួមទាំងវិស័យកីឡា។

លោក បានលើកឡើងថា «កម្មសិទ្ធិបញ្ញាមិនមែនត្រឹមតែជាគោលការណ៍ផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏សំខាន់ ក្នុងការគាំទ្រវិស័យកីឡា ដោយជួយការពារការច្នៃប្រឌិត ជំរុញការវិនិយោគ និងធានាថា កីឡានឹងបន្តផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងពិភពលោក»។

កម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ ក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ី នៃវិស័យកីឡាសម័យទំនើប រាប់ចាប់តាំងពីសិទ្ធិផ្សាយបន្តផ្ទាល់ ការផលិតមាតិកាឌីជីថល រហូតដល់ការការពារពាណិជ្ជសញ្ញា (ម៉ាក) គំនូរឧស្សាហកម្ម និងប្រកាសនីយបត្រតក្កកម្មជាដើម។

លោក រដ្ឋមន្ត្រី បានបន្ថែមថា ការពង្រឹងប្រព័ន្ធទាំងនេះមានសារសំខាន់ក្នុងការលើកកម្ពស់ឱ្យសហគ្រាស និងនវានុវត្តន៍ករ អាចប្រកួតប្រជែងបាន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារសកល។

លោក ក៏បានក្រើនរំលឹកថា «ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល បាននាំមកទាំងឱកាស និងបញ្ហាប្រឈមថ្មីៗ។ បច្ចេកវិទ្យាឌីជីថលក៏បានបង្កើនហានិភ័យ នៃការលួចចម្លង ការលក់ផលិតផលក្លែងក្លាយ និងការប្រើប្រាស់សិទ្ធិដោយគ្មានការអនុញ្ញាត ដែលតម្រូវឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ»។

សូមបញ្ជាក់ថា កម្ពុជាបាននិងកំពុងពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីគាំទ្រការច្នៃប្រឌិត និង អភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការធ្វើឌីជីថលូបនីយកម្ម សេវាកម្មសិទ្ធិបញ្ញា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងប្រទេស និងអន្តរជាតិ ដោយប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាជន្ទល់ ដើម្បីទ្រទ្រង់កំណើនជំរុញដោយនវានុវត្តន៍៕

To Top