កូរ៉េ បង្ហាញការគាំទ្រ ការបោសសម្អាតបទល្មើស ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា
បន្ទាយ មានជ័យ ៖ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានបង្ហាញ នូវការគាំទ្រ ចំពោះយុទ្ធនាការ នៃការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការ ក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក ។

លោក គីម ឆាងយ៉ុង (KIM CHANGYONG) បានថ្លែងការគាំទ្របែនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយនឹងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពិភាក្សាលើប្រធានបទ ៖ បទល្មើសបោកប្រាស់ និងស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តខេត្ត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។

ក្នុងជំនួបនោះ លោក អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា អនុវត្តនូវបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បាននឹងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ បានដាក់ចេញផែនការសកម្មភាព និងចាត់វិធានការជំរុញអនុវត្តយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ច ពាក់ព័ន្ធ ចុះពិនិត្យទីតាំង សង្ស័យមានជនបរទេសរស់នៅប្រមូលផ្ដុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តសង្ស័យ និងបានចុះប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់។

លោក ឯកអគ្គរាជទូត ក៏បានបង្ហាញនូវការកោតសរសើរ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាវរបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដែលកំពុងអនុវត្ត ទទួលបានជោគជ័យ និងបានធ្វើការបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់។

ជាមួយគ្នានោះ ឯកអគ្គរាជទូត ក៏បានអរគុណចំពោះអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ពិសេសលោក អ៊ុំ រាត្រី អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ចំពោះប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វេីការងារនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការការពារសុខសុវត្ថិភាព ជាក់ស្តែងខណៈក្នុងកំឡុង ពេលមានជម្លោះតាមបន្ទាត់ព្រំដែន ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ភៀសសឹក រួមទាំងកុមារភៀសសឹក ពិសេសក៏ដូចជាជនបរទេស ក៏ដូចជាជនជាតិកូរ៉េ ដែលរស់នៅក្នុងខេត្ត ទទួលបានការការពារសុវត្ថិភាព បានយ៉ាងល្អប្រសេីរ៕





