អភិបាលរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit នាទីក្រុងតូក្យូ ប្រទេសជប៉ុន
តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដើម្បីពិភាក្សាលើ សេចក្តីថ្លែងការណ៍រួម លើប្រធានបទ “អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលើភាពធន់នឹង អាកាសធាតុ និងគ្រោះមហន្ដរាយ” ដែលកម្មវិធីនេះ ដឹកនាំកិច្ចពិភាក្សា ដោយលោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ នៅប្រទេសជប៉ុន ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីទីក្រុងតូក្យូថា កិច្ចប្រជុំពេញអង្គនេះ តម្រូវឱ្យអភិបាលក្រុង ឬតំណាងទីក្រុង ដែលបានចូលរួមធ្វើការ ចែករំលែកបទពិសោធន៍ អំពីស្ថានភាព ក៏ដូចជាការខិតខំប្រឹងប្រែងដោះស្រយ គ្រោះមហន្តរាយ របស់ទីក្រុងខ្លួន និងចំណាប់អារម្មណ៍ទាក់ទងនឹងការរៀបចំវេទិកា កិច្ចប្រជុំកំពូល G-NETS នាពេលនេះ។

លោកស្រី អ្នកនាំពាក្យ បានបន្តថា សម្រាប់រាជធានីភ្នំពេញ លោក ឃួង ស្រេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលក្រុងតូក្យូ ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ នៃបណ្តាទីក្រុងនានា លើសកលលោកបានជួប ពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងស្វែងរកដំណោះស្រាយរួម ដើម្បីអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព និងមានភាពធន់ ជាពិសេសអាចទប់ទល់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងវិបត្តិជាសកល ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងការបម្រែបម្រួលអាកាសធាតុ ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់នូវចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាននាពេលនេះ ដើម្បីបន្តធ្វើការអភិវឌ្ឍនគរូបនីយកម្មទីក្រុង ឱ្យកាន់តែមានចីរភាពបន្តទៀត។

ជាមួយគ្នានេះដែរ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ស្តីពីភាពធន់និងការគ្រប់គ្រងគ្រោះមហន្ដរាយធម្មជាតិ ដោយបានចែករំលែកមេរៀន និងបទពិសោធន៍ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការធ្វើឱ្យប្រសើរឡើង នូវការអភិវឌ្ឍនគរូបនីយកម្ម ទីក្រុងឱ្យកាន់តែមានចីរភាពបន្តទៀត ។

បន្ថែមលើនេះ កិច្ចប្រជុំនេះ ត្រូវបានលោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំ អនុម័ត និងឯកភាពលើសេចក្តីព្រាង សេចក្ដីថ្លែងការណ៍រួម ស្តីពី “អនាគត នៃនគរូបនីយកម្មថ្មី ដោយផ្អែកលើភាពធន់ នឹងអាកាសធាតុ និង គ្រោះមហន្តរាយ” ព្រមជាមួយនឹងការធ្វើ សន្និសីទសារព័ត៌មាន ដើម្បីប្រកាស សេចក្ដីថ្លែងការណ៍រួមនេះផងដែរ៕


