ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ទទួលជួបសម្តែងការ គួរសមជាមួយលេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ខណៈចប់បេសកកម្ម នៅកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែង ការគួរសមជាមួយលោក Ando Kenta លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់ អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ លោករដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Ando Kenta ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាង ល្អជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការបញ្ជូន កម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ការសម្របសម្រួលកិច្ចប្រជុំប្រចាំ ឆ្នាំស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅប្រទេសជប៉ុន និងកិច្ចប្រជុំពិភាក្សាលើ MOC ស្តីពីប្រព័ន្ធបញ្ជូនថ្មីផងដែរ។

ទន្ទឹមនឹងនេះ លោក Ando Kenta ក៏បានថ្លែងអំណរគុណ ចំពោះ លោករដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តី ជំនាញពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធដែលបានធ្វើឱ្យការបំពេញបេសកកម្មការទូតរបស់លោកនៅប្រទេសកម្ពុជាបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវអនុវស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើន។
លោក Ando ក៏បាន គូសបញ្ជាក់ពីផែនការសកម្មភាព ការងាររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តប្រព័ន្ធ បញ្ជូនថ្មីជាមួយកម្ពុជា និងពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងរបស់អង្គការអន្តរជាតិ ខាងការងារ (ILO) សម្រាប់គាំទ្រដល់អតីពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងទៅ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក Ando ក៏បានណែនាំលោក Kazuhiro Tokuda ដែលជាលេខាទូតទី១ ទទួលបន្ទុកវិស័យការងារថ្មីជំនួសលោកផងដែរ ។
ជាមួយនឹងការជូនពរលេខាទូតទី១ ទទួលជោគជ័យក្នុងការបំពេញ បេសកកម្មការងារថ្មី លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kazuhiro Tokuda ដែលនឹងត្រូវមកបំពេញបេសកកម្មការងារជាលេខាទូតទី១ ជំនួសលោក Ando Kenta ៕

To Top