ព័ត៌មានជាតិ

ក្រសួងការងារលើកទឹកចិត្ត ឱ្យសហជីពនិងអង្គការ សង្គមស៊ីវិល ចូលរួមបង្កើតវប្បធម៌ សុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាពិភពលោក ដើម្បីសុវត្ថិភាពនិង សុខភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធ សុវត្ថិភាព និង សុខភាព នៅក្នុងពិភពការងារ» ដែលត្រូវបានសហការរៀបចំ ដោយអង្គការ សកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រីក្រ (HPA) និងបណ្តាញអង្គការសង្គមស៊ីវិលជាដៃគូ ដោយមានការចូល រួមពីតំណាងសហជីព សមាគមនិយោជក អង្គការអន្តរជាតិ ខាងការងារ (ILO) បណ្តាញសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិការងារ និងកម្មករនិយោជិត ទាំងក្នុងនិងក្រៅប្រព័ន្ធ ប្រមាណ ២៩០នាក់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ តារា អ៊ែរផត។

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារត្រូវបានប្រទេសជាសមាជិកអង្គការ ILO ប្រារព្ធជារៀងរាល់ឆ្នាំ ថ្ងៃទី២៨ ខែមេសា។ សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ «រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងការងារ» ដើម្បីអបអរសាទរទិវានេះស្របតាមប្រធានបទសកល «រួមគ្នាធានាបរិយាកាសការងារប្រកបដោយសុខុមាលភាពចិត្តសា្រស្តសង្គម»។

ថ្លែងក្នុងឱកាសនោះ លោកស្រី​រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារៈសំខាន់ នៃការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដើម្បីធានានូវការងារសមរម្យសម្រាប់ទាំងអស់គ្នា។ លោកស្រី​ក៏បានបញ្ជាក់បន្ថែមផងដែរថា គ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ត្រូវតែសហការគ្នាអនុវត្តតាមតួនាទី ក្នុងការជំរុញឲ្យមានវប្បធម៌ សុវត្ថិភាពនិងសុខភាពការងារ ដើម្បីលើកកម្ពស់សុខុមាលភាព របស់កម្មករនិយោជិត និងផលិតភាពការងារ។

ក្នុងឱកាសនេះដែរ លោកស្រី​រដ្ឋលេខាធិការប្រចាំការក៏បានថ្លែងអំណរគុណដល់អង្គការ HPA ក្នុងការរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីភាពជាដៃគូនៃការចូលរួមជំរុញការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី​បញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធក្នុងការបង្កើតឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ។

ទន្ទឹមនេះ លោកស្រី​បានលើកឡើងថា ក្នុងនាមជាសមាជិកអង្គការ ILO រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ នូវការប្រើប្រាស់យន្តការត្រីភាគី និង ការលើកកម្ពស់កិច្ចសន្ទនាសង្គម ដើម្បីស្វែងរកដំណោះស្រាយ ចំពោះសំណើនិងសំណូមពរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកស្រី​បានចែករំលែកសារគន្លឹះចំនួន២ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ រួមមាន ១) ការប្រើប្រាស់វប្បធម៌សន្ទនា និង ២) ការអនុវត្តតួនាទីឲ្យបានត្រឹមត្រូវប្រកដោយវិជ្ជាជីវៈក្នុងនាមជានិយោជក កម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមសម្រេច ឲ្យបាននូវរបៀបវារៈការងារសមរម្យ សម្រាប់ទាំងអស់គ្នា៕

To Top