រដ្ឋមន្ដ្រីអប់រំ លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តរក្សាស្មារតីរឹងមាំ និងយកចិត្តទុកដាក់ បង្រៀនសិស្សានុសិស្ស នៅមណ្ឌលភៀសសឹក ភូមិស្លក្រាម
បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ ឱ្យបន្តរក្សាស្មារតីរឹងមាំ និងយកចិត្តទុកដាក់បង្រៀនសិស្សានុសិស្ស នៅមណ្ឌលភៀសសឹក ភូមិស្លក្រាម ដើម្បីធានាថា បុត្រធីតារបស់ប្រជាពលរដ្ឋនៅតែទទួលបានចំណេះដឹង។

ការលើកទឹករបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងពិធីសំណេះសំណាល និងផ្ដល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ កំពុងស្នាក់នៅ និងបម្រើការងារ នៅមណ្ឌលភៀសសឹកភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខយ៉ាង ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយោគយល់ចំពោះភាពលំបាក របស់លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ រហូតដល់បាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដោយសារបញ្ហាជម្លោះព្រំដែន នាពេលកន្លងមក។

ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាបច្ចុប្បន្ន លោកគ្រូ អ្នកគ្រូកំពុងស្នាក់នៅ និងបង្រៀនក្នុងលក្ខណៈបណ្តោះអាសន្នក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តខិតខំប្រឹងប្រែងមិនបោះបង់ចោលឡើយ ក្នុងការការពារបូរណភាពទឹកដី និងទាមទារផ្ទះសម្បែងនិងដីធ្លីរបស់បងប្អូនកម្ពុជាវិញតាមយន្តការការទូតដោយសន្តិវិធី។

ការគាំទ្រវិស័យអប់រំ៖ ទោះស្ថិតក្នុងស្ថានភាពបណ្ដោះអាសន្ន ប៉ុន្តែការសិក្សារបស់សិស្សានុសិស្សត្រូវតែបន្ត។ លោក បានណែនាំឱ្យក្រុមការងារពិនិត្យលទ្ធភាពរៀបចំ បណ្ណាល័យអាសន្ន ដើម្បីផ្ដល់ឱកាសឱ្យកុមារបានអាន និងសិក្សាបន្ថែម។ សុខុមាលភាពសិស្ស និងគ្រូ៖ ជំរុញឱ្យមានការរៀបចំ អាហារដ្ឋានសម្រាប់ផ្ដល់អាហារពេលព្រឹក ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីធានានិរន្តរភាពនៃការរៀន និងបង្រៀនឱ្យបានរលូន។

លោក ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តរក្សាស្មារតីរឹងមាំ និងយកចិត្តទុកដាក់បង្រៀន សិស្សានុសិស្ស ក្នុងកាលៈទេសៈដ៏លំបាកនេះ ដើម្បីធានាថាបុត្រធីតារបស់បងប្អូន ប្រជាពលរដ្ឋនៅតែទទួលបានចំណេះដឹងជាមូលដ្ឋានគ្រឹះសម្រាប់អនាគត៕
